សក្តានុពលតំបន់ឈូកវ៉ាថ្មីនៃខណ្ឌពោធិ៍សែនជ័យ


ខណ្ឌពោធិ៍សែនជ័យកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគក្នុងស្រុក ហើយ តំបន់ទាំងមូលបានក្លាយជាជម្រើសដ៏ទាក់​ទាញបំផុតមួយសម្រាប់វិនិយោគិនដែល​ចង់អភិវឌ្ឍន៍គម្រោង​លំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដើម្បីបំពេញទៅតាមតម្រូវការអ្នកក្នុងស្រុក។​

ជាតំបន់អភិវឌ្ឍន៍ថ្មី និងជាតំបន់មានសក្តានុពលថ្មីមួយនៅក្នុងភូមិ​គោក​ព្រិច សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យនៃរាជធានី​ភ្នំពេញ តំបន់ឈូកវ៉ាមានតម្លៃដីទាបបើបើធៀបនឹង ជាយក្រុង​ផ្សេងទៀតដែលកំពុងអភិឌ្ឍន៍ខ្លាំងដូចជា សែនសុខ និងជ្រោយចង្វារជាដើម។

លោក ឈាង រ័ត្ន នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សាររបស់គម្រោងបុរីធីវីស្តា និងគម្រោង​ដីឡូត៍ និង​លំនៅដ្ឋាន​ឈូក​វ៉ា​ថ្មី​បានឲ្យដឹងថាដោយសារកំនើននៃវិស័យអចលនទ្រព្យ ក្នុងតំបន់ឈូកវ៉ាទើបនឹងងើប ឡើង ទើប វិស័យ ដីធ្លីគឺកំពុងមានសក្ដានុពលខ្លាំងបើធៀបនឹងអចលនទ្រព្យផ្សេងៗទៀត។

លោក រ័ត្ន បានបន្ថែមថាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះមានវិនិយោគិន និងអ្នកទិញលក់អចលនទ្រព្យជាច្រើនបានងាកមកចាប់អារម្មណ៍លើទីផ្សារដីធ្លីនៅក្នុងបន់ឈូកវ៉ានេះច្រើនជាងមុន។ ដោយហេតុថាក្នុងតំបន់នេះក៏មានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនបានចូលមកវិនិយោគផងដែរ ដែលគម្រោងទាំងនេះមានដូចជា៖ បុរីពិភពថ្មីចំនួន៣ គម្រោងបុរីវ៉ារីណា បុរីរតនៈ និងគម្រោងផ្ទះល្វែងជាច្រើនទៀត។

ទាក់ទងនឹងគម្រោងលំនៅដ្ឋានបើយោងទៅតាមរបាយការណ៍លំនៅដ្ឋានដែលចេញដោយក្រុមហ៊ុនវីត្រាស់នៅក្នុងឆ្នាំ២០១៧បានបង្ហាញថាខណ្ឌពោធិ៍សែនជ័យទាំងមូលមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់លើគម្រោងលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០០១មកម្លេះ។ រហូតមកដល់ពេលនេះខណ្ឌពោធិ៍សែនជ័យមានគម្រោងធំៗចំនួន៩៤ និងគម្រោងតូចៗចំនួន១១១ដែលក្នុងនោះគម្រោងចំនួន៥៨ត្រូវបានបញ្ចប់ជាស្ថាពរ ដែលមានលំនៅដ្ឋានសរុប១៦,០០០ខ្នង ខណៈយូនីតចំនួន៣,៥០០ខ្នងបានគម្រោងនឹងបញ្ចប់នៅត្រីមាសទីមួយឆ្នាំ២០១៨​នេះ។

លើសពីនេះទៅទៀតគេសង្កេតឃើញថាសក្តានុពលនៃតំបន់ក៏ត្រូវបានជម្រុញដោយសារគម្រោងអភិវ​ឌ្ឍន៍របស់រដ្ឋមានដូចជា៖ ផ្លូវធំ៦០ម៉ែត្រផ្លូវក្រវ៉ាត់ក្រុងភ្ជាប់ពីផ្លូវសម្តេចហ៊ុនសែនទៅផ្លូវទំបន់កប់ស្រូវប្រព័ន្ធទឹក និងប្រព័ន្ធភ្លើងរដ្ឋជាដើម។ ជាពិសេសតំបន់ឈូកវ៉ាស្ថិតនៅជិតរោងចក្រដែលសំបូរប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​អាជីវកម្ម​ខ្នាតតូច មធ្យម​ជាច្រើនក្រៅពីនោះមាន ​មន្ទីរពេទ្យ សាលារៀនរដ្ឋ​ ផ្សារ​ឈូក​វ៉ា ផ្សារ​ពិភពថ្មី និងសេវាកម្មសំខាន់ៗជាច្រើនទៀត។

ប្រភព៖ https://business-cambodia.com/2018/08/03/potential-of-porsenchey-district/