មហាសេដ្ឋីមានបំផុតក្នុងពិភពលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon.com កាលពីមុនលោកក៏ជាអ្នកធ្វើការងារអោយគេដែរ ក្រោយមកលោកបានឈប់ធ្វើការងារអោយគេមកចាប់ផ្តើមលក់សៀវភៅតាមអនឡាញ ។ ក្នុងពេលនោះលោកបានបង្កើតគេហទំព័រវែបសាយលក់សៀវភៅគ្រប់មុខ រហូតបានបន្លែងខ្លួនទៅជាក្រុមហ៊ុនលក់រាយនៃទំនិញគ្រប់មុខក្នុងសហរដ្ឋអាមេរិច ។ ក្នុងពេលបច្ចុប្បន្ននេះលោកក្លាយជាមហាសេដ្ឋីដែលមានបំផុតក្នុងពិភពលោកដែលមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណ ១៣១ ពាន់លានដុល្លារ ដែលចេញផ្សាយដោយទស្សនាវដ្តី Forbes.com ។ មហាសេដ្ឋីរូបនេះមានគោលការណ៍ដែលជំរុញអោយលោកទួលបានជោគជ័យក្នុងអាជីវកម្មលក់ទំនិញតាមអនឡាញ ហើយវិវត្តន៍ក្លាយជាក្រុមហ៊ុនធំបំផុត ៖
១-កុំស្តាយក្រោយ ៖ មហាសេដ្ឋីរូបនេះបានពោលថា គាត់មិនស្តាយក្រោយអ្វីដែលគាត់ធ្វើនោះទេ ប៉ុន្តែគាត់នឹងស្តាយក្រោយនូវការព្យាយាមមិនដល់របស់គាត់ ។ មានន័យថាអ្វីដែលយើងកំពុងធ្វើ ចូរធ្វើវាអោយអស់លទ្ធភាពកុំមានការសោកស្តាយក្រោយនូវលទ្ធផលណាមួយ ព្រោះយើងបានព្យាយាមអស់ពីខ្លួនហើយ ។
២-ដើរតាមក្តីស្រមៃរបស់អ្នក ៖ អ្នករកស៊ីគ្រប់គ្នាត្រូវតែដើរតាមក្តីស្រមៃរបស់ខ្លួន ហើយកុំព្យាយាមអោយខួរក្បាលរបស់យើងជាអ្នកកំណត់ផ្លូវដើរ ព្រោះខួរក្បាលយើងអាចគិតខុស ។ ប៉ុន្តែបើក្តីស្រមៃរបស់យើងមានហើយ ទោះបីជាការគិតរបស់យើងខុសក៏អត់មានបញ្ហាដែរ ព្រោះបើការគិតរបស់យើងខុស យើងអាចគិតសារជាថ្មីបាន ប៉ុន្តែក្តីស្រមៃមិនអាចគិតសារជាថ្មីបានទេ ។
៣ -វិនិយោគលើផលិតផល ប្រសើរជាងវិនិយោគលើទីផ្សារ៖ លោកមិនប្រកួតជាមួយក្រុមហ៊ុនណាដែលរកស៊ីដូចគ្នាទេ លោកក៏មិនចាត់ទុកគេខ្សោយ ឫខ្លាំងេជាងខ្លួនដែរ ប៉ុន្តែអ្វីដែលសំខាន់ត្រូវតែផ្តោតនោះគឺ គុណភាពផលិតផល ឫសេវាកម្មរបស់ខ្លួនអោយអស្ចារ្យ ដូច្នោះអតិថិជនក៏មកដោយខ្លួនឯង មិនចាំបាច់ប្រឹងធ្វើទីផ្សារប្រកួតប្រជែងទេ ។
៤-ស្វែងរកឈ្មោះអាជីវកម្មដែលទាក់ទាញ៖ ជាការពិតណាស់ឈ្មោះអាជីវកម្មរបស់យើងត្រូវតែជាឈ្មោះដែលគេស្គាល់ដែលមានអារម្មណ៍ថារំភើប ឬសប្បាយ ចំឡែក អ្វីមួយដែលគេស្គាល់ ទើបធ្វើអោយអតិថិជនមានការចង់ចាំបាន ។
៥-ផ្តោតលើអតិថិជន៖ ចំពោះអ្នករកស៊ីចំណុចសំខាន់កុំអោយខូចកេរ្តិ៍ឈ្មោះនៅថ្ងៃក្រោយ ចំពោះផលិតផល ឫសេវាកម្មដែលគ្មានគុណភាព ហើយចំពោះការរិះគន់របស់អតិថិជនត្រូវតែយកចិត្តទុកដាក់អោយខ្លាំងទើបមានឈ្មោះបោះសំឡេងក្នុងទីផ្សារ ។
៦-ផ្តោតលើក្តីស្រឡាញ់របស់អ្នក៖ ចំពោះការធ្វើការងារ ឫការធ្វើអាជីវកម្មផ្ទាល់ខ្លួន កុំធ្វើអោយតែរួចពីដៃ ត្រូវតែធ្វើដោយក្តីស្រឡាញ់កើតចេញពីចិត្ត នោះអ្នកគ្មានការធុញទ្រាំចំពោះកិច្ចការនោះទេ ។
៧-ផលិតផលស្តង់ដាតម្លៃទាបសមរម្យ ៖ ចំពោះផលិតផលក្នុងទីផ្សារ Amazon.com សុទ្ធតែមានគុណភាពខ្ពស់ដែលមិនប៉ះពាល់ដល់ផ្នែកណាមួយនៃអតិថិជននោះទេ ហើយតម្លៃវិញស្ថិតក្នុងទីផ្សារដែលសមហេតុផលបំផុត ។ ដូច្នោះហើយបានជាអតិថិជន Amazon.com មិនចាំបាច់ចរចារទិញ មិនចាំបាច់ប្រួយបារម្ភខ្លាចខូចសុខភាពនោះទេ មិនចាំបាច់ភ័យអ្វីទាំងអស់ ។
៨-ទទួលយកហានិភ័យ៖ ការរកស៊ីសុទ្ធតែមានហានិភ័យដោយប្រការណាមួយជាមិនខាន ប៉ុន្តែចំពោះមហាសេដ្ឋីរូបនេះគាត់តែងតែទទួលយកហានិភ័យគ្រប់យ៉ាងដោយមិនខ្លាចអ្វីទាំងអស់ ។