សហគ្រិនអចលនទ្រព្យ៖ «ភាពស្មោះត្រង់ ជាមូលដ្ឋានគ្រឹះធ្វើឲ្យអ្នករកស៊ីអចលនទ្រព្យជោគជ័យ»

គ្រប់កិច្ចការទាំងអស់របស់យើងម្នាក់ៗ មានការសិក្សា កិច្ចការផ្ទាល់ខ្លួន ការងារសង្គម នយោបាយ អាជីវកម្ម ជាពិសេសអ្នករកស៊ីវិស័យអចលនទ្រព្យតែម្តង កំពុងមានភាពរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យជោគជ័យទៅបាន មានចំណុចតូចៗជាច្រើន។ ការរកស៊ីវិស័យអចលនទ្រព្យ ហាក់មានភាពរសើបច្រើនមិនថា ក្នុងសង្គមខ្មែរយើង ឬប្រទេសដទៃ មានបញ្ហាច្រើនរាប់មិនអស់ មានខ្លះជោគជ័យ ខ្លះបរាជ័យធ្ងន់ធ្ងរធ្លាក់ខ្លួនក្រក៏មាន។ ជំនួញជោគជ័យតែងរំលេចឡើងឲ្យយើងឃើញនូវចំណុចសំខាន់ៗដូចជា ការបំពេញតម្រូវការទីផ្សារ ដោះស្រាយបញ្ហាសង្គម ជំរុញការអភិវឌ្ឍន៍សង្គមជាដើម។

រកស៊ីវិស័យអចលនទ្រព្យ សហគ្រិនគ្រប់រូបត្រូវតែមានសុចរិតភាពជាគ្រឹះ ទើបអាជីវកម្មទទួលបានជោគជ័យ និងមាននិរន្តភាពយូរអង្វែងបាន។ ពាក្យថា សុចរិត មានន័យថា ការប្រព្រឹត្តល្អទាំងកាយ វាចា ចិត្ត បើនិយាយអំពីជំនួញមានសុចរិតភាព គឺជំនួញណាបង្កើតឡើង សម្រាប់បំពេញតម្រូវការសង្គម ដោះស្រាយបញ្ហា ដោយគ្មានកេងចំណេញលើអតិថិជន ដោយភាពមិនស្មោះត្រង់ឡើយ។ ជំនួញសុចរិត គឺបានផ្តល់ផលប្រយោជន៍ទាំងអ្នកលក់ និងអ្នកទិញ ឬចំណេញទាំងពីរ គ្មាននរណាម្នាក់រងគ្រោះដោយសារទំនិញ ឬសេវាកម្មរបស់យើងឡើយ ជាពិសេសអតិថិជនប្រើប្រាស់សេវាកម្មរបស់យើងតែម្តង។

ក្រុមហ៊ុនអចលនទ្រព្យល្អ ឬមានសុចរិតភាពហើយ មូលហេតុអ្វី ចាំបាច់ធ្វើទីផ្សារទៀត? ការធ្វើទីផ្សារឡើង ក្នុងគោលបំណងចម្បង គឺចង់បង្ហាញការពិត ឬអំពីព័ត៌មាននៃទំនិញ ឬសេវាកម្មណាមួយនោះដល់អតិថិជន តែប៉ុណ្ណោះ។ តែក្រុមហ៊ុនខ្លះ បានប្រើប្រាស់ឧបករណ៍ទីផ្សារក្នុងផ្លូវខុស ដោយផ្តល់ព័ត៌មានខុសការពិតជាក់ស្តែង ធ្វើឲ្យអតិថិជនទទួលបានព័ត៌មានមិនពិត ប្រើប្រាស់របស់មិនត្រឹមត្រូវ រងគ្រោះ ខាតប្រយោជន៍ពីជំនូញរបស់យើងទៅវិញ។

លទ្ធផលបានមកត្រឹមតែចំណេញច្រើនក្នុងរយៈពេលខ្លីណាមួយ ចុងក្រោយនិងបាត់បង់អតិថិជន លែងមានអ្នកគាំទ្រតទៅទៀត ធ្វើឲ្យអាជីវកម្មបរាជ័យតែម្តង។ ទាក់ទងនិងសិល្បៈនៃការធ្វើទីផ្សារ គឺមានគោលបំណងសំខាន់ផ្តល់នូវព័ត៌មានអំពីទំនិញរបស់យើងដល់អតិថិជនតែប៉ុណ្ណោះ មិនអាចប្រើការបោកប្រាស់ ជាឈ្នាន់ ដើម្បីទទួលបានអតិថិជនច្រើននោះទេ។ អ្នកត្រូវចាំថា នៅពេលអតិថិជនប្រើប្រាស់ទំនិញ ឬសេវាកម្មយើងហើយ មានការរីកចម្រើន នោះជំនួញរបស់យើងក៏រីកច្រើនតាមនេះដែរ។

ជាក់ស្តែង ក្រុមហ៊ុនធំៗមិនថាក្រុមហ៊ុនអចលនទ្រព្យ មានវិស័យរថយន្ត ទូរស័ព្ទដៃ និងវិស័យសំខាន់ៗផ្សេងទៀត នៅពេលគេមានកំហុសផ្នែកបច្ចេកទេសណាមួយចំពោះទំនិញ បានចរាចរណ៍លើទីផ្សារហើយក្តី គេមិនបានលាកបាំងព័ត៌មាន ឬមិនរវល់អំពីរឿងទាំងនោះទេ គេបានប្រមូលទំនិញទាំងនោះចូលក្នុងឃ្លាំងវិញ យ៉ាងប្រញាប់ ចៀសវាងមានផលប៉ះពាល់មិនល្អណាមួយដល់អ្នកប្រើប្រាស់។ បើទោះបីជា ត្រូវខាតប្រាក់រាប់ពាន់លានដុល្លារក៏ដោយ។ ចំណុចទាំងនេះហើយ ដែលបានបញ្ជាក់នូវសុចរិតភាពនៃអាជីវកម្ម ហើយអាជីវកម្មពួកគេតែងមានការគាំទ្រច្រើន និងមានអាយុកាលយូរអង្វែង៕

សហគ្រិនខ្មែរ ត្រូវតែជាបុគ្គលមានសុចរិតភាព ស្មោះត្រង់ មិនបន្លំដើម្បីចំណេញមកខ្លួន បំផ្លាញអ្នកដទៃ

អត្ថបទដោយ៖ ម៉ន វុទ្ធា

ប្រភព៖ https://business-cambodia.com/2018/08/20/integrity-basic-successful-real-estate/