សហគ្រិនស្ត្រីឆ្នើមវិស័យអចលនទ្រព្យ២រូបវិវត្តខ្លួនពីបុគ្គលិកធម្មតាក្លាយជានាយិកាក្រុមហ៊ុន

សហគ្រិនស្ត្រីខ្មែរពីររូប បានព្យាយាមប្រឹងប្រែងធ្វើការងារយ៉ាងយកចិត្តទុកដាក់ និងខិតខំស្វែងយល់អំពីដំណើរការនៃក្រុមហ៊ុនអលចនទ្រព្យ រហូតខ្លួនមានសមត្ថភាពក្លាយជានាយិកាក្រុមហ៊ុនលំដាប់អន្តរជាតិ។ ស្ត្រីខ្មែរយើងមានសមត្ថភាពខ្លាំង បើធៀបនឹងសហគ្រិនបរទេសផ្សេងទៀត ហើយវាមិនមែនជារឿងងាយស្រួលនោះទេ ដោយចាប់ផ្តើមតាំងពីបុគ្គលិកធម្មតារហូតក្លាយជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន។

 

លោកស្រីគ្រេស រចនីហ្វុង នាយិកាក្រុមហ៊ុន Century 21 Cambodia ការផ្តើមចេញពីបុគ្គលិកសាមញ្ញមិនគិតពីប្រាក់ខែ ប្រឹងប្រែងធ្វើការរហូតដល់អ្នកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន ព្រោះវាបានផ្តល់បទពិសោធន៍ជាក់ស្តែងលើការងារអាជីវកម្ម ចាប់តាំងពីការងារតូចតាចរហូតដល់ការងារធំៗរបស់ក្រុមហ៊ុន ហើយចេញរកស៊ីខ្លួនឯងមានកត្តាជោគជ័យច្រើន។

តាមរយៈបទពិសោធន៍ពីបុគ្គលិកធម្មតារហូតក្លាយជានាយិកានេះ លោកស្រីយល់ថា យុវជនជំនាន់ក្រោយ ចង់ជោគជ័យលើការងារ ឬចង់ចេញរកស៊ី កុំអាលរៀនចប់មហាវិទ្យាល័យភ្លាម ចេញរកស៊ីតែម្តង មិនលើកទឹកចិត្តត្រង់ចំណុចនេះនោះទេ។ ត្រូវតែខិតខំរៀនឲ្យបានពូកែ និងចូលបម្រើការងារក្នុងក្រុមហ៊ុនណាមួយយ៉ាងតិចពី៥ ទៅ៨ឆ្នាំសិន។ ផ្តើមចេញពីបុគ្គលិកធម្មតា ទៅជាអ្នកគ្រប់គ្រង ធ្វើឲ្យអស់កម្លាំងកាយ ចិត្ត កុំខ្វល់រឿងប្រាក់ច្រើនពេក ធ្វើការឲ្យដូចក្រុមហ៊ុនខ្លួនឯង។

បើយើងមានឆន្ទៈធ្វើការងារ ហើយមានឱកាសដឹកនាំក្រុមហ៊ុនធំមួយជោគជ័យទៅបាន មានន័យថាយើងក៏អាចចេញរកស៊ីដោយខ្លួនឯងបានដែរ។

 

ចំណែកលោកស្រីអាន សុធីតា នាយិកាក្រុមហ៊ុនCBRE Cambodia វិញបានចាប់ផ្តើមការងារនៅក្រុមហ៊ុន CBRE នៅឆ្នាំ២០១០ ជាពេលវាលា ដែលវិស័យអចលនទ្រព្យ នៅកម្ពុជា​ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ចាប់ផ្តើមក្នុងតួនាទីជាគណនេយ្យករនៅក្នុងក្រុមហ៊ុន​ហើយផ្លាស់ប្តូជំនាញជាអ្នកលក់និងអ្នកគ្រប់គ្រង ក្នុងរយៈពេលពីរឆ្នាំ។

ម្យ៉ាងវិញទៀត ដោយសារថ្នាក់ដឹកនាំក្រុមហ៊ុនបើកឱកាសឱ្យបុគ្គលិកអាចរៀនផ្នែកផ្សេងៗពីក្រុមហ៊ុនបាន ហើយវាជាឱកាសល្អសម្រាប់រូបលោកស្រីផ្ទាល់ ផ្លាស់ប្តូរពីគណនេយ្យទៅជំនាញថ្មី ដែលមិនធ្លាប់គិតថាអាចធ្វើបាន។

លោកស្រីបន្តថា ការអភិវឌ្ឍខ្លួនឱ្យទៅជាបុគ្គលិកមានសមត្ថភាពបាន កើតចេញពីការរៀនសូត្រអំពីការងារ បទពិសោធន៍ជាក់ស្តែង ជាពិសេសមានការជំរុញលើទឹកចិត្ត ការគាំទ្រផ្តល់យោបល់ពីសំណាក់ ថ្នាក់ដឹកនាំក្រុមហ៊ុននិងអតិថិជនតែម្តង។ មិនយូរប៉ុន្មានក៏បានទទួលចំណេះដឹង និងពិសោធន៍រហូតឈានដល់ការកាន់កាប់តំណែង ជានាយិកាក្រុមហ៊ុនលំដាប់អន្តរជាតិនេះ។

បន្ថែមពីលើនេះ ភាពជោគជ័យថ្ងៃនេះ កើតចេញពីការស្រឡាញ់លើវិស័យអចលនទ្រព្យ និងធ្វើការងារមិនដើម្បីតែលុយមួយមុខនោះទេ ព្រោះតាំងពីចូលបម្រើការងារដំបូងលោកស្រីប្រឹងប្រែងរៀនសូត្រណាស់ រហូតក្លាយជាបុគ្គលជោគជ័យក្នុងស្ថាប័ន៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

Source: https://business-cambodia.com/2018/04/from-staff-manager-company/