លំនៅឋានតម្លៃទាប និងមធ្យមនៅកម្ពុជា នៅតែបន្តមានតម្រូវការខ្លាំង

ដោយសារតែមានកំណើននៃចំនួនប្រជាជនច្រើននៅទីក្រុងភ្នំពេញ ធ្វើអោយតម្រូវការលំនៅឋានមានការកើនឡើងស្របពេលដែលវិស័យ​សំណង់កំពុងមានសន្ទុះខ្លាំង និងដើរតួនាទីយ៉ាង​សំខាន់​ក្នុង​ការផ្លាស់ប្តូរមុខមាត់នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មកទល់​បច្ចុប្បន្ន​នេះ វិស័យសំណង់​នៅ​ប្រទេស​កម្ពុជា​ ​បាន​បង្កើត​ការងារ​ដោយផ្ទាល់ និង​មិនផ្ទាល់​សម្រាប់​ប្រជាពលរដ្ឋកម្ពុជា​ជាច្រើនផងដែរ។

បច្ចុប្បន្នវិស័យសំណង់នៅកម្ពុជា ហាក់មានកំណើនកាន់តែខ្លាំង មានទាំង បណ្តុំអគារពាណិជ្ជកម្ម អគារខុនដូ ផ្សារទំនើប បុរី ជាពិសេសគម្រោងផ្ទះតម្លៃថ្លៃ តម្លៃទាបនិងមធ្យមកំពុងតែមានការសាងសង់យ៉ាងច្រើន។ ក្នុងនោះមានក្រុមហ៊ុនជាច្រើនបានវិនិយោគទៅលើការសាងសង់លំនៅឋាន ទោះបីជាការសាងសង់នេះមានចំនួនច្រើនហើយក្ដីតែបើប្រៀបធៀបនិងតម្រូវការរបស់ប្រជាពលរដ្ឋនៅមិនទាន់គ្រប់គ្រាន់នោះទេ។

តាមប្រសាសន៍ លោក ភារៈ អគ្គនាយកបុរីឡុងនីបានឲ្យដឹងថា តម្រូវការរបស់ប្រជាពលរដ្ឋ ដែលសព្វថ្ងៃនេះរដ្ឋាភិបាលកម្ពុជា មានគម្រោងនាឆ្នាំ២០២០ ឲ្យមានប្រជាពលរដ្ឋមករស់នៅក្នុងរាជធានីភ្នំពេញ ឲ្យបានជាង៤លាន៥សែននាក់ តែសព្វថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋរស់នៅ មិនទាន់បាន៣លាននាក់នៅឡើយទេ។ ដូច្នេះនៅខ្វះប្រជាពលរដ្ឋជាង១លាននាក់ទៀត ដែលត្រូវការផ្ទះសម្បែងជាច្រើនសម្រាប់រស់នៅ។

ពាក់ព័ន្ធនិងការសាងសង់នេះដែរ ឯកឧត្ដម ជា​ សុផារ៉ា បានអំពាវនាវដល់អ្នកអភិវឌ្ឍន៍វិស័យសំណង់ទាំងអស់អោយរួមគ្នាផ្ដោតការយកចិត្ដទុកដាក់លើគុណភាពសំណង់។ លោកបន្ដទៀតថា ​បញ្ហា​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ​គឺ បង្កើន​គុណភាព​។ ការបង្កើន​គុណភាព​នេះ កន្លងមក​យើង​ឃើញថា លក្ខណៈ និង​សោភ័ណភាព​យើង​មាន​ហើយ ប៉ុន្តែ​នៅ​ខ្វះចន្លោះ​ខ្លះ​ត្រង់​ការត្រួតពិនិត្យ​គុណភាព។

សម្រាប់លំនៅឋានដែលមានតម្លៃទាប  កំពុងចាប់បានទីផ្សារកាន់តែខ្លាំងក្តី ក៏ប៉ុន្តែ នៅមានក្តីបារម្ភផងដែរ ចំពោះគុណភាពសំណង់ ខណៈគេបានប្រៀបធៀបថា  បើវាមានតម្លៃទាបនោះគុណភាពសំណង់ក៏ទាបតាមនឹងដែរ តែតាមមតិរបស់ លោក ហឹម សីហា  បានមានប្រសាសន៍ថា គុណភាពសំណង់ពិតណាស់ វាមិនល្អដូចបុរី ដែលមានតម្លៃ ១០ ទី ២០ម៉ឺនដុល្លារអាមេរិកក៏ពិតម៉ែន ប៉ុន្តែខ្ញុំអាចនិយាយបានថា គុណភាពសំណង់របស់ផ្ទះតម្លៃទាប  អាចនឹងទទួលយកបាន។

សូមបញ្ជាក់ថា បើយោងតាមប្រសាសន៍របស់លោកលោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់បាន​លើក​ឡើងកន្លងមក តម្រូវការ​លំនៅឋាន​ថ្មី​ទូទាំង​ប្រទេស​នឹង​មាន​ចំនួន​ ១ ​លាន​ខ្នង​បន្ថែម​ទៀត ក្នុង​នោះ​សម្រាប់​រាជធានី ក្រុង និង​ទីប្រជុំជន​មាន​ប្រមាណ​ ៨០ ​ម៉ឺន​ដែល​គិត​ជា​មធ្យម​គឺ​មាន​តម្រូវការ​ជាង​ ៥ ​ម៉ឺន​ខ្នង​ក្នុង​ ១ ​ឆ្នាំ​៕

អត្ថបទដោយ៖ សន សារ៉ា

ប្រភព: https://business-cambodia.com/2018/11/26/demand-low-hours-price-in-cambodia/