គាម សៀកឡុង៖ខ្ញុំរើសបុគ្គលិក មិនរើសសញ្ញាបត្រ យកតែអ្នកមានឆន្ទៈធំ និងស្រឡាញ់វិស័យអចលនទ្រព្យ

ការកសាងធនធានមនុស្សខ្លាំងឱ្យបានច្រើន គឺជាកត្តាយុទ្ធសាស្ត្រស្នូលធំបំផុតរបស់ក្រុមហ៊ុនអាជីវកម្មនានា។ ជាមួយគ្នានេះ ក្រុមហ៊ុនបែបសេវាកម្ម ជាពិសេសក្រុមហ៊ុនអចលនទ្រព្យ បានចាត់ទុកភាពជោគជ័យនៃការកសាងធនធានមនុស្សពិតជាមានសារៈសំខាន់បំផុត សម្រាប់ក្រុមហ៊ុន ហើយការជ្រើសរើសបុគ្គលិករបស់ពួកគេមានការសម្រិតសម្រាងបំផុត តែមិនផ្តោតសំខាន់លើសញ្ញាបត្រនោះទេ។ ជាក់ស្តែងលោកគាម សៀកឡុងស្ថាបនិកក្រុមហ៊ុន Century21 Dream Property បានលើកឡើងថា «ខ្ញុំរើសបុគ្គលិក មិនរើសសញ្ញាបត្រ យកតែអ្នកមានឆន្ទៈធំ និងស្រឡាញ់វិស័យអចលនទ្រព្យ»

លោកគាម សៀងឡុង ស្ថាបនិកក្រុមហ៊ុន Century21 Dream Property មានប្រសាសន៍ថា រាល់ពេលជ្រើសរើសបុគ្គលិកលោកតែងបញ្ជាក់ថា មិនទាមទារអ្នកមានបទពិសោធន៍ ឬសញ្ញាបត្រអ្វីនោះទេ សំខាន់ស្រឡាញ់ការងារ និងមានឆន្ទៈធំធ្វើការលើវិស័យនេះ។ ព្រោះតាមបទពិសោធន៍ផ្ទាល់ខ្លួន បើស្រឡាញ់ការងារអចលនទ្រព្យ ទោះលំបាកយ៉ាងណាក៏មិនងាយបោះបង់ចោលដែល ខំប្រឹងតស៊ូអត់ធ្មត់ ខុសពីអ្នកមិនស្រឡាញ់ ទោះមានបទពិសោធន៍ ឬសញ្ញាបត្រក្តី។

លោកបញ្ជាក់ថា គ្រប់បុគ្គលិកដែលបានចូលបម្រើការងារថា ចូលមកធ្វើការនេះ ត្រូវចាត់ទុកជាមុខរបរផ្ទាល់ខ្លួន ដែលលោកចែកដើមទុនរកស៊ីឱ្យ មិនបាច់ទៅរកស៊ីម្នាក់ឯងខាតលុយរាប់ម៉ឺនដូចលោកនោះទេ។ ហើយចូលមកមានអ្វីគ្រប់យ៉ាងរួចជាស្រេច មានអតិថិជន ក្រុមហ៊ុនទទួលស្គាល់ស្របច្បាប់ មានការបណ្តុះបណ្តាល បង្ហាញផ្លូវត្រូវដើរ ទាមទារតែការតាំងចិត្ត និងឆន្ទៈធំ សម្រាប់ធ្វើកិច្ចការទាំងនេះតែប៉ុណ្ណោះ។

អ្នកធ្វើការផ្នែកអចលនទ្រព្យត្រូវតែជាមនុស្សពូកែទំនាក់ទំនង និងផ្តោតធ្វើការងារខ្លាំងបំផុត ព្រោះពេលខ្លះត្រូវធ្វើការហៀរដល់យប់ ដោយសារត្រូវណាត់ភ្ញៀវ និងធ្វើការគ្មានសៅរ៍អាទិត្យ ថ្ងៃបុណ្យនោះទេ បើអ្នកមិនអាចធ្វើនូវចំណុចទាំងនេះទេ មិនចាំបាច់ធ្វើនោះទេ មិនជោគជ័យឡើយ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ប្រភព៖ https://business-cambodia.com/2018/10/02/seang-keamlong%e2%80%8b-chose-staff-not-require-certificate/