អ្នកជំនាញអចលនទ្រព្យនិយាយអ្វីខ្លះ ពីស្ថានភាពរកស៊ីនៅខ្មែរ ក្រោយបិទអាជីវកម្មល្បែងអនឡាញ?

អ្នកជំនាញអចលនទ្រព្យនិយាយអ្វីខ្លះ ពីស្ថានភាពរកស៊ីនៅខ្មែរ ក្រោយបិទអាជីវកម្មល្បែងអនឡាញ?

មួយរយៈក្រោយនេះ បន្ទាប់ពីមានយន្ដការបិទអាជីវកម្មអនឡាញ បានធ្វើឱ្យមានចម្រូងចម្រាសខ្លាំងក្នុងទីផ្សារអចលនទ្រព្យ ជាពិសេសគឺខេត្តទទួលជនជាតិចិនច្រើនបំផុតដូចជា ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែតនិងក្រុងបាវិត ពីព្រោះអាជីវកម្មនេះជាមុខរបរដ៏ធំមួយរបស់ជនជាតិចិន ដែលរកស៊ីក្នុងស្រុកខ្មែរ។

ជាក់ស្ដែង ផលប៉ះពាល់នេះមិនធ្ងន់ធ្ងរ ចំពោះទីផ្សារអចលនទ្រព្យធំៗទេ ពោលគឺជះឥទ្ធិពលខ្លាំង ចំពោះអ្នករកស៊ីជាមួយជនជាតិចិនដូចជា អ្នកមានផ្ទះជួល អ្នកបកប្រែឬបើកភោជនីយដ្ឋានជាដើម ដែលអាចនឹងពិបាក ជាពិសេស អ្នកដែលសាងសង់សំណង់ធំៗ សម្រាប់តម្រូវការចិន អាចផ្ដល់ផលប៉ះពាល់ខ្លាំង ពីព្រោះជាលុយខ្ចីធនាគារ ជាលុយបំណុលជាដើម។

ក្នុងនោះផ្ទាល់សម្ដេចតេជោហ៊ុន សែនក៏បានមានប្រសាសន៍ជុំវិញការបិទអាជីវកម្មអនឡាញនេះថា ការបើកចំហរអាជីវកម្មនេះ គឺកម្ពុជាប្រឈមខ្លាំងដូចជា ឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម។ចំពោះអាជីវកម្មនេះ កម្ពុជាក៏បានពន្ធតិចណាស់ ដូច្នេះត្រូវរឹតបណ្ដឹងឡើងវិញជាចាំបាច់ ពីព្រោះប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍ ត្រូវការវិនិយោគត្រឹមត្រូវ ច្បាស់លាស់។

ស្របពេលជាមួយគ្នាដែរអ្នកជំនាញអចលនទ្រព្យ លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និងជាអគ្គនាយករបស់ក្រុមហ៊ុន Century 21 Mekongបានលើកឡើងថាការបិទអាជីវកម្មអនឡាញ ភ្នាល់គ្នាតាមអ៊ីនធើណែត គឺជារឿងត្រឹមត្រូវ ព្រោះ មិនត្រឹមតែបានជួយកែលម្អសន្តិសុខនៅកម្ពុជា ប្រកប​ដោយភាពវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែជាការគ្រប់គ្រងជនអន្តោរប្រវេសន៍មួយប្រកបដោយប្រសិទ្ធភាព ដោយមិនមានការចាប់បង្ខំ។

អ្នកជំនាញរូបនេះបានបន្ដទៀតថា សម្រាប់ការបិទនេះ តែងមានផលវិជ្ជមាន និងផលអវិជ្ជមាន ប៉ុន្តែជារួម រាជរដ្ឋាភិបាលកម្ពុជា បានថ្លឹងថ្លែងរួចមកហើយថា តើផលមួយណា ច្រើនជាង ។លោកគិតថា ការបិទអាជីវកម្មអនឡាញមិនមែនជាបញ្ហាធំដំ ដែលអាចឲ្យប៉ះពាល់វិស័យអចលនទ្រព្យ នៅព្រះសីហនុនោះដែរ តែវាបែរជារឿងល្អទៅវិញ ហើយយើងក៏អាចការពារផលប្រយោជន៍ អ្នកវិនិយោគ ដែលវិនិយោគ ក្នុងរយៈពេលយូរនៅកម្ពុជា។

ត្បិតតែមួយរយៈខ្លី វាអាចផ្តល់ផលអវិជ្ជមានខ្លះដល់ម្ចាស់ផ្ទះជួល មួយចំនួន ដែលគាត់ជួលឲ្យ អ្នកដែលរកស៊ីអនឡាញ ប៉ុន្តែ បន្ទាប់ពីបញ្ហានេះស្ងាត់ នឹងចាប់ផ្តើមមាន អ្នកធ្វើការពិតប្រាកដ វិនិយោគគិន ថ្មីៗក្រុមហ៊ុនល្អត្រឹមត្រូវ នឹង មកវិនិយោគ នៅកម្ពុជាកាន់តែច្រើន។

ចំណែកលោកគឹម ហ៊ាងជាប្រធានក្រុមហ៊ុនខ្មែររៀលអេស្ទេតបានបញ្ជាក់ថា ការបិទអាជីវកម្មអនឡាញនេះគឺជះឥទ្ធិពលខ្លះដល់ទីផ្សារអចលនទ្រព្យ ជាពិសេសគឺខេត្តព្រះសីហនុនិងតំបន់ព្រំដែនមួយចំនួនដូចជាបាវិតនិងប៉ោយប៉ែត ពីព្រោះតម្លៃអចលនទ្រព្យអាចនឹងមានភាពប្រែប្រួលខ្លះ។ការធ្លាក់ចុះនៃអត្រាជនជាតិចិន នឹងធ្វើឱ្យតម្រូវការកន្លែងស្នាក់នៅ ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗត្រូវធ្លាក់ចុះទៅតាមនោះដែរ ជាពិសេសអ្នកដែលបានទាញលុយពីធនាគារ។

លោកក៏បានបន្ដថា ការឈប់ផ្ដល់អាជ្ញាប័ណ្ណនេះនឹងធ្វើឱ្យខ្មែរមួយធំសាទរជាខ្លាំង ជាពិសេសស្ថានភាពសង្គមផ្ទាល់តែម្ដង ក៏ប៉ុន្ដែការសម្រេចចិត្តដ៏លឿននេះគឺជះឥទ្ធិពលខ្លះដល់ការវិនយោគក្នុងស្រុក។

លោកចេង ខេង ជាអគ្គនាយកក្រុមហ៊ុនស៊ី ភី អ៊ែល ក៏បានលើកឡើងដែរថា ការវិនិយោគនៅកម្ពុជាមិនត្រូវពឹងផ្អែកទៅលើអាជីវកម្មអនឡាញនេះទេ ពីព្រោះប្រទេសត្រូវការស្ថេរភាព សុខសន្ដិភាពសង្គមជាចាំបាច់ ដើម្បីទាក់ទាញវិនិយោគិនធំៗ ចូលក្នុងស្រុកបន្ថែម៕

Credit: https://www.business-cambodia.com