ការធ្វើជំនួញ មិនមែនជាការងាយស្រួលដូចអ្វីដែលគេនិយាយ ដូចអ្វីដែលគិតនោះទេ! ដូចនេះ តោះមកស្តាប់ពីសម្តីចាក់ដោតទាំង៣របស់អ្នកឧកញ៉ា ពុង ឃាវសែ ជាអ្នកជំនួញចាស់វស្សា ក្នុងវិស័យអចលនទ្រព្យ លើគម្រោងធំៗជាច្រើន នៅកម្ពុជា ។ ខាងក្រោមនេះ ជាសម្រង់សម្តីក្នុងការធ្វើជំនួញរបស់លោក៖
១. “ឥឡូវនេះខ្ញុំមានអាយុ៧១ឆ្នាំហើយទម្រាំធ្វើព្រលាននេះរូចខ្ញុំមានអាយុ៨៧ឆ្នាំឯណោះ មិនគួរទទួលយកគម្រោងនេះមកធ្វើទេ តែ ខ្ញុំនឹងប្រើឆាកជីវិតចុងក្រោយរបស់ខ្ញុំ មកសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកស្អាងខេត្តកណ្តាល ធំជាងគេនៅកម្ពុជា ឲ្យបានដាច់ខាត។”
ក្រោយពីបានទទួលសិទ្ធសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី នៅស្រុកស្អាង ខេត្តកណ្តាល ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អ្នកឧកញ៉ាចាស់វស្សាក្នុងវិស័យអចលនទ្រព្យរូបនេះ បានបញ្ជាក់ថា លោកនឹងប្រើ ជីវិតចុងក្រោយរបស់លោក ដើម្បីបញ្ជប់គម្រោងសំណង់ដ៏ធំជាប្រវត្តិសាស្ត្រមួយនេះ ។
២. “ធ្វើជាជំនួញមិនស្រួលដូចការគិតទេ ធ្វើការគ្មានពេលសម្រាកទេ កុំថាឡើយ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យនោះ មិនថាយប់ មិនថាថ្ងៃ ។”
ជាអ្នករកស៊ីម្នាក់ មិនមែនជាការងាយ មិនស្រណុក ដូចគ្រប់គ្នាឃើញតែពីសំបកក្រៅឡើយ តែលោកធ្វើការស្ទើរតែគ្មានពេលសម្រាក សោះក៏មាន។
៣. “ ខ្ញុំមានអំរែកធ្ងន់ណាស់សម្រាប់បុគ្គលិករបស់ខ្ញុំប្រមាណជិត១៥០០០នាក់ ។ “
បុគ្គលិកប្រៀបបានជាគ្រួសារ ហើយបុគ្គលិករបស់លោកបច្ចុប្បន្ន មានជាង ១៥០០០នាក់ ហើយក្នុងនាមលោកជា មេគ្រួសារ ច្បាស់ជាត្រូវស្វែងរកគ្រប់វិធី ដើម្បីចិញ្ចឹមកូនចៅខ្លួនឯងហើយ។
គួរឲ្យដឹងផងដែរថា បច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវសែ មានតួនាទីសំខាន់ៗជាច្រើន ដូចជា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ កាណាឌីយ៉ា អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ប្រធានសមាគមអ្នកសាងសង់កម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ប្រធានសមាគម ខែ្មរ-ចិន និងតួនាទីជាច្រើនទៀត។