cropped C21 Cambodia standard gold

តើប្រជាជននៅក្រុងភ្នំពេញមានចំនួនប៉ុន្មាន ទើបផ្ទះ និងខុនដូដុះ​ឡើងស្ទើររាល់ថ្ងៃ?

October 23, 2019

តើប្រជាជននៅក្រុងភ្នំពេញមានចំនួនប៉ុន្មាន ទើបផ្ទះ និងខុនដូដុះ​ឡើងស្ទើររាល់ថ្ងៃ?

ជាការពិតណាស់ នៅក្រុងភ្នំពេញមានការីកចម្រើនខ្លាំងស្ទើរតែគ្រប់វិស័យ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ វិស័យអចលនទ្រព្យ និងវិស័យសំណង់ ដែលកំពុងតែមានការរីកចម្រើនខ្លាំង និងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

មិនត្រឹមតែប៉ុណ្ណោះទេ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺសំណង់អគារ ផ្ទះ និងខុនដូ នៅក្រុងភ្នំពេញមានការរីកដុះឡើងស្ទើរតែរាល់ថ្ងៃ ហើយការទិញលក់អចលនទ្រព្យទាំងនោះក៏មានការកើនឡើងផងដែរ។

ហេតុនេះហើយ តើប្រជាជននៅក្រុងភ្នំពេញមានចំនួនកើនឡើង ឬយ៉ាងណា ខណៈដែលសំណង់ផ្ទះ​ ខុនដូកំពុងតែមានការកើនឡើងខ្លាំងបែបនេះ។

បើយោងតាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ បានប្រកាសថា តាមតួលេខបណ្តោះអាសន្នក្នុងទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ប្រជាជនសរុបមានចំនួន១៥,២៨៨,៤៨៩នាក់ ក្នុងនោះមានប្រុស៧,៤១៨,៥៧៧នាក់ និងស្រី៧,៨៦៩,៩១២នាក់។

គួរជម្រាបផងដែរថា​ អត្រាកំណើនប្រជាជនប្រចាំឆ្នាំ បានថយចុះពី១.៥ភាគរយ ក្នុងចន្លោះឆ្នាំ១៩៩៨ និង២០០៨ មក១.២ភាគរយ ក្នុងចន្លោះឆ្នាំ២០០៨ និង២០១៩។ អត្រាកំណើនប្រចាំឆ្នាំរបស់កម្ពុជា ក្នុងទសវត្សចុងក្រោយនេះ ឃើញថា ខ្ពស់ជាងអត្រាកំណើនមធ្យមនៅអាស៊ីអាគ្នេយ៍ ដែលមានតែ១.០ភាគរយ។

រាជធានី-ខេត្ត ដែលមានចំនួនប្រជាជនច្រើនជាងគេបំផុត គឺភ្នំពេញមាន២,១២៩,៣៧១នាក់ ហើយខេត្តកែប មានប្រជាជនតិចជាងគេបំផុត ៤១,៧៩៨នាក់ ប៉ុណ្ណោះ។ ដង់ស៊ីតេប្រជាជនស្មើនឹង៨៦នាក់ ក្នុងផ្ទៃដីមួយគីឡូម៉ែត្រការ៉េ នៅឆ្នាំ២០១៩។

អត្រាភេទតាមតួលេខបណ្តោះអាសន្ន នៃជំរឿនប្រជាជន ឆ្នាំ២០១៩ មានបុរស៩៤នាក់ ក្នុងចំណោមស្ត្រី១០០នាក់ ដោយមិនមានការប្រែប្រួលបើប្រៀបធៀបនឹងឆ្នាំ២០០៨។

ម៉្យាងទៀត បើយោងតាមការិយាល័យប្រជាពលរដ្ឋ (PRB) បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជា សរុបនៅឆ្នាំ ២០៥០ ត្រូវបានព្យាករថា មានចំនួន២២លាននាក់ ខណៈបច្ចុប្បន្នប្រជាជនកម្ពុជាសរុប មានប្រហែល ១៦លាននាក់ ។

Credit: https://www.business-cambodia.com

Facebook
Twitter
LinkedIn