អ្នកជំនាញនិយាយពីភាពល្អប្រសើរនៃវិស័យអចលនទ្រព្យក្រោយស្ថាបនាផ្លូវល្បឿន

ជា​មួយ​នឹង​គម្រោង​ជាក់លាក់​នៃ​ការស្ថាបនាផ្លូវល្បឿនលឿន តភ្ជាប់រវាងរាជធានីភ្នំពេញ- ក្រុងបាវិត ខេត្តស្វាយរៀងនាពេលខាងមុខ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានលើកឡើងពីភាពល្អប្រសើរ និងសក្ដានុពលនៃវិស័យអចលនទ្រព្យនៅក្នុងទីក្រុងដែលស្ថិតនៅជាប់តំបន់ព្រំដែនមួយនេះ។

ប្រធាន​សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធី បានមានប្រ​សា​សន៍ប្រាប់តាមរយៈទូរស័ព្ទ កាលពីពេលកន្លងទៅថ្មីៗនេះថា ភ្ជាប់ជាមួយនឹងគម្រោងស្ថា​ប​នាផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ក្រុងបាវិត វិស័យអចលនទ្រព្យនៅក្នុងទីក្រុងមួយនេះ នឹងកាន់តែមានភាពល្អប្រសើរមិនចាញ់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះទេ។

លោកបានបញ្ជាក់ទៀតថា ក្រុងបាវិតត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ឧស្សាហកម្ម នៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ ២០១៥ – ២០២៥ ដែលបច្ចុប្បន្នទីក្រុងនេះ បានទាក់ទាញការវិនិយោគយ៉ាងច្រើន និងមានតំបន់សេដ្ឋកិច្ចពិសេសប្រមាណ១០ទីតាំង រួមមានដូចជាទីក្រុងរណបចំនួនពីរ គឺទីក្រុងរណប ហេង ហេង និង ទីក្រុងរណប Empire World ដែលបាន និងកំពុងសាងសង់យ៉ាងសកម្ម។

លោកបន្តទៀតថា “ទីក្រុងបាវិតបច្ចុប្បន្នមានស្ថានភាពដូចគ្នា ទៅនឹងទីក្រុងព្រះសីហនុកាលពី ២-៣ ឆ្នាំមុន ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងទាក់ទាញការវិនិយោគពីអ្នកវិនិយោគក្នុងស្រុកបណ្តើរៗ ហើយតម្លៃដីធ្លីក៏នៅមានភាពសមរម្យអាចវិនិយោគបាន ប៉ុន្តែរយៈពេល២-៣ឆ្នាំខាងមុខទៀត តម្លៃដីធ្លីនៅក្រុងបាវិតនឹងកើនឡើងខ្ពស់ដូចក្រុងប៉ោយប៉ែតនាពេលបច្ចុប្បន្ននេះ”។

ក្រៅពីនេះ ប្រយោជន៍បន្ថែមដែលទទួលបានការស្ថាបនា ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ទៅក្រុងបាវិត នេះ គឺបានផ្តល់ចំណេញយ៉ាងច្រើន ទាំងវិស័យឯកជន ក៏ដូចជារាជរដ្ឋាភិបាល ដែលអាចជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ តាមរយៈវិស័យដឹកជញ្ជូន»។

លោកឃាង ពុទ្ឋីបានបញ្ជាក់ថា “ផ្លូវល្បឿនលឿនមួយខ្សែនេះ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងនាមជាផ្លូវសេដ្ឋកិច្ចលើការដឹកជញ្ជូនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលនឹងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន ដែលកាន់តែផ្តល់ឱកាសចំណេញសម្រាប់អ្នកវិនិយោគ ហើយក៏ផ្តល់ផលចំណេញដល់បណ្តាប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានស្ថិតនៅជិត និងក្បែរគម្រោងសា​ងសងសង់ផ្លូវល្បឿនលឿននេះផងដែរ”។

នៅក្នុងប្លង់គោលនៃការអភិវឌ្ឍន៍ទីក្រុងបាវិត ត្រូវបានរៀបចំ និងបែងចែកផែនការប្រើប្រាស់ដីយ៉ាងច្បាស់លាស់ រវាងតំបន់ឧស្សាហកម្ម តំបន់កសិកម្ម តំបន់លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សួនសាធារណៈ និងតំបន់សេដ្ឋកិច្ចពិសេស។

គម្រោងស្ថាបនាផ្លូវល្បឿនលឿនរាជធានីភ្នំពេញ ក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានសិក្សាលម្អិតដោយក្រុមហ៊ុនវិនិយោគសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation CRBC) ដែលជាក្រុមហ៊ុនកំពុងសាសង់ផ្លូវល្បឿនលឿន ភ្នំពេញ – ព្រះសីហនុ នាពេលបច្ចុប្បន្ន៕

 

ប្រភពពី: https://www.propertyarea.asia/17237-2/